Galatians 2

1លុះដប់បួនឆ្នាំក្រោយមក​ខ្ញុំ​បាន​ឡើងទៅ​ក្រុង​យេរូសាឡិមម្ដងទៀតជាមួយ​លោក​បាណាបាស​ទាំង​នាំ​លោក​ទីតុស​ទៅ​ជាមួយដែរ 2គឺខ្ញុំ​បាន​ឡើងទៅទីនោះតាម​ការ​បើកសំដែងហើយ​ខ្ញុំ​បាន​ប្រាប់ពួកគេអំពីដំណឹងល្អដែល​ខ្ញុំ​ប្រកាសនៅក្នុងចំណោមសាសន៍ដទៃរីឯ​ពួក​អ្នកដែលទំនងជា​អ្នកមុខ​អ្នកការវិញ​ខ្ញុំ​បាន​ប្រាប់​ដាច់​ដោយ​ឡែកក្រែងលោ​ការ​ដែល​ខ្ញុំ​បាន​រត់និង​កំពុង​រត់ត្រលប់ជាឥតប្រយោជន៍ 3រីឯលោក​ទីតុសដែលនៅជាមួយខ្ញុំ​ទោះបី​គាត់​ជាជនជាតិក្រេកក្ដី​ក៏​មិន​ត្រូវ​បាន​បង្ខំ​ឲ្យ​កាត់ស្បែក​ដែរ 4ថ្វីដ្បិតតែមាន​ពួក​បងប្អូនក្លែងក្លាយ​បាន​ជ្រៀតចូលមក​គឺ​ជា​ពួក​អ្នក​ដែលបាន​លបចូលមក​ក្នុងចំណោម​យើង​ដើម្បី​អង្កេតមើលសេរីភាព​របស់​យើងនៅក្នុង​ព្រះ​គ្រិស្ដយេស៊ូក្នុងបំណង​ធ្វើ​ឲ្យ​យើង​ត្រលប់ជា​ទាសករ 5ប៉ុន្តែយើងមិនព្រមចុះចូល​នឺង​ពួកគេទេសូម្បីតែបន្ដិចដើម្បីឲ្យសេចក្ដីពិតនៃដំណឹងល្អ​បាន​នៅស្ថិតស្ថេរជាមួយអ្នករាល់គ្នា 6រីឯពួក​អ្នកដែលទំនងជាអ្នកមុខអ្នកការវិញ​ទោះបី​គេ​ធ្លាប់ជាអ្វីក៏ដោយ​ក៏​មិនអំពល់អ្វី​ដល់​ខ្ញុំ​ដែរ​ព្រោះ​ព្រះជាម្ចាស់មិនរើសមុខមនុស្សណាឡើយ​ហើយ​ពួក​អ្នកដែលទំនង​ជា​អ្នកមុខ​អ្នកការ​ក៏​មិន​បាន​បន្ថែមអ្វី​ឲ្យ​ខ្ញុំដែរ 7ផ្ទុយទៅវិញពួកគេ​បាន​ដឹងថាដំណឹងល្អសម្រាប់​ពួក​មិនកាត់ស្បែក​ត្រូវ​បាន​ផ្ទុកផ្ដាក់​ដល់​ខ្ញុំដូចដែល​ដំណឹងល្អ​សម្រាប់ពួកកាត់ស្បែក​ត្រូវ​បាន​ផ្ទុកផ្ដាក់​ដល់​លោក​ពេត្រុស​ដែរ 8ដ្បិតព្រះអង្គ​ដែលធ្វើការ​តាមរយៈ​លោក​ពេត្រុសនៅក្នុង​តួនាទី​ជា​សាវកសម្រាប់​ពួក​កាត់ស្បែកក៏​បាន​ធ្វើការ​តាមរយៈ​ខ្ញុំសម្រាប់​ពួក​សាសន៍ដទៃដែរ 9ហើយពេល​បាន​ទទួលស្គាល់​ព្រះ​គុណដែល​ព្រះអង្គ​បាន​ប្រទាន​ដល់​ខ្ញុំ​រួច​ហើយ​លោក​យ៉ាកុបលោកកេផាសនិង​លោក​យ៉ូហានដែល​ត្រូវ​បាន​ចាត់ទុកថាជាសរសរទ្រូង​បាន​លូកដៃស្ដាំ​នៃ​ការ​ប្រកបគ្នា​ទទួល​ខ្ញុំនិង​លោក​បារណាបាសដើម្បី​ឲ្យ​យើងទៅឯ​ពួក​សាសន៍ដទៃរីឯពួកគេទៅឯ​ពួក​អ្នកកាត់ស្បែកវិញ 10ពួកគេគ្រាន់តែសុំ​ឲ្យ​យើង​នឹកចាំពី​ពួក​អ្នកក្រ​នោះ​ហើយ​ជាកិច្ចការដែល​ខ្ញុំ​ព្យាយាមធ្វើដែរ 11ប៉ុន្តែកាលលោកកេផាស​បាន​មកដល់​ក្រុង​អាន់ទីយ៉ូក​ខ្ញុំ​បន្ទោសនៅចំពោះមុខព្រោះគាត់​សម​នឹង​បន្ទោស 12ដ្បិតមុនពេល​ពួក​អ្នកខ្លះដែលមកពី​លោក​យ៉ាកុប​បាន​មកដល់​គាត់​បាន​បរិភោគជាមួយ​ពួក​សាសន៍ដទៃប៉ុន្តែពេល​អ្នក​ទាំងនោះ​មកដល់​គាត់​បែរជា​ដកខ្លួនចេញ​ដាច់​ដោយឡែក​ព្រោះ​ខ្លាចពួកអ្នកកាត់ស្បែកទាំងនោះ 13រីឯជនជាតិយូដាផ្សេងទៀតក៏​បាន​ធ្វើពុតជាមួយគាត់ដែរសូម្បីតែ​លោក​បារណាបាសក៏​ត្រូវ​អូសទាញ​ដោយ​ពុតត្បុត​របស់​ពួកគេដែរ 14ដូច្នេះពេលខ្ញុំឃើញថា​ពួកគេ​ដើរមិនត្រឹមត្រូវតាមសេចក្ដីពិតនៃដំណឹងល្អ​ខ្ញុំ​ក៏​សួរលោកកេផាសនៅចំពោះមុខ​ពួកគេ​ទាំងអស់គ្នាថាបើលោកដែលជាជនជាតិយូដាមិនរស់នៅដូចជនជាតិយូដាផង​បែរជា​រស់នៅ​ដូចសាសន៍ដទៃ​តើ​លោក​បង្ខំសាសន៍ដទៃ​ឲ្យ​រស់នៅ​ដូច​ជនជាតិយូដាយ៉ាងដូចម្ដេច​បាន? 15យើងជាជនជាតិយូដា​ពី​កំណើត​យើង​មិនមែន​ជា​មនុស្សបាបនៅក្នុងចំណោមសាសន៍ដទៃទេ 16យើងដឹងថាមនុស្សមិន​ត្រូវ​បាន​រាប់ជាសុចរិតដោយសារ​ការ​ប្រព្រឹត្តតាមគម្ពីរវិន័យទេគឺ​បាន​រាប់ជាសុចរិត​ដោយសារជំនឿ​លើ​ព្រះ​គ្រិស្ដយេស៊ូវិញហេតុនេះ​បានជា​យើងជឿលើ​ព្រះ​គ្រិស្ដយេស៊ូដើម្បី​ឲ្យ​បាន​រាប់ជាសុចរិតដោយសារជំនឿ​លើ​ព្រះ​គ្រិស្ដមិនមែនដោយសារ​ការ​ប្រព្រឹត្តតាមគម្ពីរវិន័យទេព្រោះគ្មានមនុស្សណាម្នាក់​ត្រូវ​បាន​រាប់ជាសុចរិតដោយសារ​ការ​ប្រព្រឹត្តតាមគម្ពីរវិន័យឡើយ 17ប៉ុន្ដែបើ​ពេល​យើង​កំពុង​ខិតខំ​ឲ្យ​បាន​រាប់ជាសុចរិតក្នុង​ព្រះ​គ្រិស្ដ​ហើយ​យើង​ឃើញថាខ្លួនយើងផ្ទាល់ក៏​ជា​មនុស្សបាបដែរ​នោះ​តើ​ព្រះ​គ្រិស្ដ​ជា​អ្នកបម្រើបាប​ឬ? ​ទេមិនមែនទេ 18បើខ្ញុំ​សង់អ្វីដែល​ខ្ញុំ​បាន​បំផ្លាញចោលឡើងវិញ​នោះ​ខ្ញុំ​បង្ហាញឲ្យឃើញ​ថា​ខ្លួនខ្ញុំជា​អ្នក​ល្មើសក្រឹត្យវិន័យហើយ 19ដ្បិតខ្ញុំ​បាន​ស្លាប់ខាងឯគម្ពីរវិន័យដោយសារគម្ពីរវិន័យដើម្បី​ឲ្យ​ខ្ញុំ​បាន​រស់​ខាងឯ​ព្រះជាម្ចាស់​វិញ។ ​ខ្ញុំ​បាន​ជាប់ឆ្កាង​ជាមួយ​ព្រះគ្រិស្ដហើយ 20ដូច្នេះមិនមែនខ្ញុំទេ​ដែល​រស់នៅគឺ​ព្រះ​គ្រិស្ដវិញ​ដែល​រស់នៅក្នុងខ្ញុំរីឯ​ជីវិត​ដែល​ខ្ញុំ​រស់នៅក្នុងសាច់ឈាម​នា​ពេល​ឥឡូវនេះ​ខ្ញុំ​រស់ដោយសារជំនឿលើ​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់ដែល​បាន​ស្រលាញ់ខ្ញុំនិង​បាន​ប្រគល់អង្គទ្រង់សម្រាប់ខ្ញុំ 21ខ្ញុំមិន​ធ្វើ​ឲ្យ​ព្រះ​គុណ​របស់​ព្រះជាម្ចាស់ឥតប្រយោជន៍ទេព្រោះបើ​សេចក្ដី​សុចរិត​មក​ដោយសារគម្ពីរវិន័យនោះ​ព្រះ​គ្រិស្ដ​បាន​សោយទិវង្គតឥតប្រយោជន៍!
Copyright information for KhmKCB